កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / ម្ហូបអាហារ / Author : ATH Sokren
ពិព័រណ៍ថ្មីមួយឈ្មោះ Cambodia Annual Mega Sales បានប្រព្រឹត្តទៅពីថ្ងៃទី១៧រហូតដល់ថ្ងៃទី១៩ មករា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាទីក្រុងភ្នំពេញ។ ក្នុងនាមជាអ្នកឧបត្ថម្ភដ៏សំខាន់មួយដែលមានចំណាត់ថ្នាក់មេដាយមាស ក្រុមហ៊ុនខនហ្វីរេលមានស្តង់ធំក្នុងរយៈពេលបីថ្ងៃនេះ។ ពិព័រណ៍លក់ដូរប្រចាំឆ្នាំលើកដំបូងដែលរៀបចំឡើងដោយក្រុមហ៊ុន KHB Events ទទួលបានអ្នកចូលរួមប្រមាណ៤០.០០០នាក់ ភាគច្រើនជាគ្រួសាររស់នៅទីក្រុងភ្នំពេញផ្ទាល់តែម្តង។
ក្នុងឱកាសនោះដែរ ក្រុមហ៊ុនខនហ្វីរេលបានផ្សព្វផ្សាយផលិតផលប្រហុកម្សៅ និងបានបង្ហាញទៅកាន់អ្នកចូលទស្សនាពីភាពងាយស្រួលនៃការប្រើប្រាស់ផលិតផលមួយនេះ មិនថាសម្រាប់មុខម្ហូបបែបណានោះទេ។ សហការជាមួយក្រុមចុងភៅមកពីសណ្ឋាគារ Penh House ដែលជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន យើងអាចបង្ហាញពីរបៀបប្រើប្រាស់ប្រហុកម្សៅបានច្រើនយ៉ាង ដូចជាប្រើសម្រាប់ចៀនពងទាឱ្យមានឱជារសឈ្ងុយឆ្ងាញ់ និងប្រើក្នុងប្រហិតចៀនជាដើម។ ក្រុមហ៊ុនខនហ្វីរេលក៏មានផលិតជាវីដេអូបង្ហាញពីផលិតផលប្រហុកនេះដែរដោយភ្នាក់ងារឯកទេសខាងផលិតវីដេអូពីម្ហូបអាហារឈ្មោះថា Eatame និងដោយមានជំនួយពីក្រុមហ៊ុន Business Cambodia តាមរយៈលោកសំ កុសល។
អ្នកស្រី ឆន វណ្ណា អ្នកគ្រប់គ្រងព្រឹត្តិការណ៍នៅក្រុមហ៊ុនខនហ្វីរេលបានឱ្យដឹងថា «ពិព័រណ៍នេះប្រព្រឹត្តទៅយ៉ាងរលូនសម្រាប់ក្រុមហ៊ុនយើង ព្រោះមានអ្នកចូលរួមយ៉ាងច្រើនកុះករ ហើយយើងលក់ដាច់ផលិតផលជាច្រើន ជាពិសេសគឺប្រហុកម្សៅ តែសុខភាព ស្ករត្នោត និងស្រាធ្វើពីទឹកត្នោត»។
អ្នកស្រីក៏បានបន្ថែមទៀតថា «ភ្ញៀវដែលមកស្តង់របស់យើងគឺអ្នកដែលបានមើលវីដេអូបង្ហាញពីផលិតផលរបស់យើងនៅលើបណ្តាញសង្គម។ ពេលមកដល់មុខស្តង់ ពួកគាត់តែងតែប្រាប់ក្រុមការងារខ្ញុំថា ក្រោយពីបានមើលវីដេអូនៅលើបណ្តាញសង្គម ពួកគាត់ក៏ចង់មកទិញប្រហុកម្សៅរបស់យើងតែម្តង»។
ជាមួយនឹងអ្នកមើលប្រមាណជិត២លាននាក់ ដែលបានឃើញវីដេអូរបស់យើងនៅលើបណ្តាញផ្សព្វផ្សាយផ្សេងៗ ក្រោយពីបានមើលហើយ ពួកគេភាគច្រើនបានមកដល់ស្តង់របស់យើង។
ជាមួយនឹងជោគជ័យលើកនេះ ក្រុមហ៊ុនខនហ្វីរេលត្រៀមចូលរួមពិព័រណ៍លើកទីពីរដែលនឹងរៀបចំឡើងនៅចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះនៅទីក្រុងភ្នំពេញ៕